ភ្នំពេញ ៖លោក ហេង សួរ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងការងារ រាជរដ្ឋាភិបាល បានប្រកាសផ្ដល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារដល់កម្មករតាមគណនីវីង បន្ទាប់ពីរោងចក្រសហគ្រាស បាន ដាក់ពាក្យព្យួរការងារហើយមានការទទួលស្គាល់ពីក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ ដោយសាតែបញ្ហាប្រឈមមកពីជំងឺ កូវីដ-១៩។

រហូតមកដល់ពេលនេះ មានរោងចក្រសហគ្រាសចំនួន១៩៥ហើយ ត្រូវបានអនុញ្ញាតឲ្យ ព្យូរការងារ ដែលប៉ះពាល់ដល់កម្មករនិយោជិតជាង១០ម៉ឺននាក់ ហើយរោងចក្រសហគ្រាស ចំនួន៣០បានប្រកាសបិទទ្វារ។

លោក ហេង សួរ អ្នកនាំពាក្យ មានប្រសាសន៍ថា «បច្ចុប្បន្ននេះ ក្រសួងការងារបានបញ្ជូន ឈ្មោះ និងលេខទូរស័ព្ទកម្មករនិយោជិតជាង៤ម៉ឺននាក់ហើយទៅកាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្ទេរទឹកប្រាក់ចំនួន៤០ដុល្លារ ក្នុងមួយខែដល់ពួកគេតាមរយៈធនាគារវីង»។

លោកបន្ដថា ការផ្ដល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារទៅក្នុងកុងគណនីវីងរបស់កម្មករនេះ បន្ទាប់ពីរោងចក្រសហគ្រាសដែលបានដាក់ពាក្យព្យួរការងារ និងអនុញ្ញាតពីក្រសួងក្រោយពីពេលចូលឆ្នាំ ធានាវីងនិងបញ្ជូនទឹកប្រាក់ទៅកុងរបស់ពួកគាត់ ហើយក្រោយបញ្ជូនទៅរយៈពេល១០ថ្ងៃនោះ បើកម្មករមិនបានទៅបើកនោះទេ ធានាវីងនិងបញ្ជូនថវិកាទាំងនេះមកធានាគារជាតិវិញតែម្ដង។

លោកបន្ថែមថា «សុំបងប្អូនកម្មករនិយោជិតផ្ទៀងផ្ទាត់ជាមួយ សហគ្រាសរបស់ខ្លួនឲ្យ បានមែនទែន ការដែលបានព្រមព្រាងគ្នា ដោយមិនមានការអនុញ្ញាតពីក្រសួង គឺជាការព្យួរមិនបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលនោះទេ ការទទួលបានការអនុញ្ញាតព្យួរនឹង ១០ថ្ងៃ គឺធានាគារវីងនឹងចាប់ផ្ដើមទទួលបានថវិកា ហើយចាប់ផ្ដើមផ្ទេរទៅបងប្អូន ចឹងអ្វីដែលយើងបានចេញ គិតត្រឹមថ្ងៃនេះ បានជាង៥០រោងចក្រ កម្មករនិយោជិត ជាង៤ម៉ឺននាក់ ចឹងរំពឹងថា ក្នុងរយៈពេល១០ថ្ងៃតិចជាងថ្ងៃទី២០នេះ បងប្អូនជាង៤ម៉ឺននាក់ នឹងទទួលបានការអនុញ្ញាត្ដឱ្យព្យួរក្រោយពេលចូលឆ្នាំនេះប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល»។

លោក ហេង សួរ អំពាវនាវឲ្យកម្មករនិយោជិតត្រូវផ្តល់លេខអត្តសញ្ញាណប័ណ្ណ និងលេខទូរស័ព្ទឲ្យបានត្រឹមត្រូវដល់រោងចក្ររបស់ខ្លួន និងរក្សាលេខទូរស័ព្ទ ដោយកុំផ្លាស់ប្ដូរ ដើម្បីទទួលបានទឹកប្រាក់ឧបត្ថម្ភនេះ៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ